ប្រវត្តិរបស់អៀង សារី (ភាគទី១)

1
289

បន្ទាប់ពី ប៉ុល ពត និង នួន ជា នៅ​សប្តាហ៍នេះ លោក សេង ឌីណា នឹង​លើកយក​ប្រវត្តិ​មេដឹកនាំ​ខ្មែរក្រហម​មួយរូប​ទៀត មក​ជម្រាប​ជូន​លោក​អ្នកស្តាប់ គឺលោក អៀង សារី។ អៀង សារី គឺជា​អតីត​រដ្ឋមន្រ្តី​ក្រសួង​ការបរទេស​នៃ​របប​ខ្មែរក្រហម ហើយ​បច្ចុប្បន្ន​ត្រូវបាន​តុលាការ​ខ្មែរក្រហម​ ចោទប្រកាន់​ពីបទ​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្សជាតិ និង​ឧក្រិដ្ឋកម្ម​សង្រ្គាម។

តើ អៀង សារី មានប្រវត្តិយ៉ាងណា?

អៀង សារី គឺជា​មេដឹកនាំ​ខ្មែរក្រហម​ដែល​ចេញមុខ​ចេញមាត់​ជា​សាធារណៈ​ច្រើន​ជាងគេ ព្រោះ​គាត់​គឺ​ជា​អ្នក​ទទួលបន្ទុក​កិច្ចការ​បរទេស។ ចំណែក​ក្នុង​បក្ស​វិញ អៀង សារី ជា​សមាជិក​គណៈអចិន្រ្តៃយ៍ ដែល​ជា​ស្ថាប័ន​មាន​អំណាច​កំពូល​ក្នុងការ​សម្រេច​កិច្ចការ​នានា ក្នុង​អំឡុង​របប​កម្ពុជា​ប្រជាធិបតេយ្យ។ ក្នុង​ចំណោម​មេដឹកនាំ​ជាន់ខ្ពស់​ខ្មែរក្រហម អៀង សារី គឺជា​មនុស្ស​ស្និទ្ធ​នឹង ប៉ុល ពត ជាងគេ។ អៀង សារី និង ប៉ុល ពត បាន​ស្គាល់គ្នា និង​ជា​មិត្តភ័ក្តិ​យ៉ាង​ជិតស្និទ្ធ​នឹងគ្នា តាំងពី​ពេល​រៀន​នៅ​ភ្នំពេញ រហូត​បាន​អាហាររូបករណ៍​ទៅរៀន នៅ​ប្រទេស​បារាំង​ជាមួយគ្នា។ ប្រពន្ធ​របស់ អៀង សារី និង​ប្រពន្ធ​របស់ ប៉ុល ពត គឺជា​បងប្អូន​បង្កើត​នឹងគ្នា។ ក្រោយពេល​វិលត្រឡប់​ពី​ប្រទេស​បារាំង ប្តី-ប្រពន្ធ អៀង សារី និង ប៉ុល ពត រស់នៅ​ក្នុង​ផ្ទះ​ជាមួយគ្នា នៅ​ក្រុង​ភ្នំពេញ។ ជាទូទៅ អៀង សារី ត្រូវបាន​គេ​ស្គាល់​ថា ជា​មេដឹកនាំ​លំដាប់​ទីបី នៃ​របប​ខ្មែរក្រហម បន្ទាប់ពី នួន ជា ដែល​ជា​អនុលេខា​បក្ស។

តើ អៀង សារី ជា​នរណា?

អៀង សារី មាន​ឈ្មោះ​កំណើត​ថា គីម ត្រាង កើត​នៅ​ឆ្នាំ​១៩២៥ នៅ​ខេត្ត​ត្រាវិញ កម្ពុជាក្រោម។ គីម ត្រាង ត្រូវបាន​ឳពុកម្តាយ ប្តូរឈ្មោះ​មកជា អៀង សារី នៅពេល​មក​រៀន​នៅ​កម្ពុជា ដើម្បី​ឲ្យ​មាន​សូរសៀង​ជា​ឈ្មោះ​ខ្មែរ។ អៀង សារី បាន​បន្ថយ​អាយុ​បួនឆ្នាំ ដោយ​ប្តូរ​ឆ្នាំ​កំណើត​ពី​១៩២៥ មក ១៩២៩​វិញ ដើម្បី​បាន​ចូលរៀន​នៅ​សាលា​បឋមសិក្សា។

នៅឆ្នាំ១៩៤៥ អៀង សារី បាន​ចូលរៀន​នៅ​វិទ្យាល័យ​ស៊ីសុវត្ថិ នៅ​ទីក្រុង​ភ្នំពេញ។ អៀង សារី បាន​ប្រឡូកចូល​ក្នុង​នយោបាយ នៅ​ឆ្នាំ១៩៤៦ ដោយ​បាន​ដឹកនាំ​ក្រុម​និស្សិត​ប្រឆាំង​នឹង​អាណានិគម​បារាំង។ មួយឆ្នាំក្រោយមក អៀង សារី បាន​ជួប​ជាមួយ សាឡុត ស ពេលដែល សាឡុត ស បាន​វិលត្រឡប់ពី​អនុវិទ្យាល័យ​ព្រះសីហនុ ខេត្ត​កំពង់ចាម មក​រៀន​នៅ​សាលា​បច្ចេកទេស ហៅ “សាលាដែក” ក្នុង​ខ័ណ្ឌ​ឫស្សីកែវ។ អៀង សារី និង សាឡុត ស ក៏បាន​រាប់អានគ្នា​ជា​មិត្តភ័ក្តិ​យ៉ាង​ជិតស្និទ្ធ។ យោងតាម លោក​កេង វ៉ាន់សាក់ សាឡុត ស និង អៀង សារី បាន​ចូលរួម​យ៉ាង​សកម្ម​ជួយ​គណបក្ស​ប្រជាធិបតេយ្យ ក្នុង​យុទ្ធនាការ​ឃោសនា​បោះឆ្នោត នៅ​ឆ្នាំ១៩៤៧។

នៅឆ្នាំ១៩៥០ អៀង សារី ទទួលបាន​អាហារូបករណ៍​ទៅរៀន​នៅ​ប៉ារីស ប្រទេស​បារាំង ពោលគឺ មួយឆ្នាំ​ក្រោយ​សាឡុត ស។ អៀង សារី ក៏​មិនខុស​ពី សាឡុត ស ប៉ុន្មាន​ដែរ បាន​ទទួល​អាហារូបករណ៍​ចេញ​ទៅរៀន​នៅ​ប្រទេស​បារាំង ដោយសារ​ពួកគេ​គឺជា​សកម្មជន​គណបក្ស​ប្រជាធិបតេយ្យ ដែល​ពេលនោះ កាន់កាប់​ក្រសួង​អប់រំ​ជាតិ។

ក៏ប៉ុន្តែ ផ្ទុយពី សាឡុត ស ដែល​ទទួលបាន​អាហារូបករណ៍​ទៅរៀន​ផ្នែក​បច្ចេកទេស​អេឡិចត្រូនិច អៀង សារី បាន​ទៅ​បន្ត​ការ​សិក្សា​ថ្នាក់​វិទ្យាល័យ ដើម្បី​ប្រឡង​យក​សញ្ញាប័ត្រ​បាក់ឌុប។ ឯកសារ​ជាច្រើន​បាន​សរសេរ​ថា ក្រោយពី​ប្រឡង​បាក់ឌុប​ជាប់ហើយ អៀង សារី បាន​ទៅរៀន​នៅ​វិទ្យាស្ថាន​សិក្សា​នយោបាយ​ក្រុង​ប៉ារីស (Institut d’Etudes Politiques de Paris)។ ក៏ប៉ុន្តែ នៅក្នុង​បញ្ជី​ឈ្មោះ​អតីត​និស្សិត​ដែល​បញ្ចប់​ការ​សិក្សា​ទទួល​បាន​សញ្ញាប័ត្រ​ពី​វិទ្យាស្ថាន​នេះ គេ​មិនឃើញ​មាន​ឈ្មោះ អៀង សារី នោះទេ។ នេះ​មានន័យ​ថា អៀង សារី រៀន​មិនបាន​ចប់ ទទួល​សញ្ញាប័ត្រ​ផ្នែក​វិទ្យាសាស្រ្ត​នយោបាយ ពី​វិទ្យាស្ថាន​នេះ​ទេ។

មិនយូរប៉ុន្មាន ក្រោយពី​បាន​មកដល់​ក្រុង​ប៉ារីស អៀង សារី និង​មិត្តភ័ក្តិ​ម្នាក់ទៀត គឺ រ័ត្ន សាមឿន ក៏បាន​ផ្តួចផ្តើម​គំនិត​បង្កើត​ក្រុម​និស្សិត​កុម្មុយនិស្ត​មួយក្រុម ដែល​មាន​ឈ្មោះ​ថា “ក្រុមម៉ាក់ស៊ីស”។ ក្រុមនេះ​តែងតែ​ជួបប្រជុំគ្នា​នៅក្នុង​ផ្ទះ​របស់ លោក​កេង វ៉ាន់សាក់។ នៅក្នុង​បទសម្ភាសន៍​ជាមួយ​វិទ្យុ​អាស៊ីសេរី​ លោកកេង វ៉ាន់សាក់ ដែល​ធ្លាប់​ស្គាល់​ អៀង សារី យ៉ាងច្បាស់​តាំងពី​កាល​នៅ​ភ្នំពេញ បាន​អះអាង​ថា អៀង សារី គឺជា​មនុស្ស​មាន​ចរិត​កោងកាច និង​ផ្តាច់ការ។

អៀង សារី បាន​រៀបការ​ជាមួយ ខៀវ ធីរិទ្ធិ នៅ​ឆ្នាំ១៩៥១ នៅ​​ពេល​កំពុង​រៀន​នៅ​​ប៉ារីស។

នៅឆ្នាំ១៩៥២ ក្រោយពី​រដ្ឋាភិបាល​សង្គម​រាស្រ្តនិយម បាន​កាត់ផ្តាច់​អាហារូបករណ៍​ អៀង សារី រួមជាមួយ​មិត្តភ័ក្តិ​មួយចំនួន​ទៀត ដូចជា ហ៊ូ យន់ និង សុន សេន ជាដើម បាន​សម្រេចចិត្ត​បន្ត​ស្នាក់នៅ​ប្រទេស​បារាំង​តទៅទៀត។ ចំណែក​ឯ សាឡុត ស និង រ័ត្ន សាមឿន ដែល​ជា​ដៃគូ​របស់ អៀង សារី បាន​វិល​ត្រឡប់មក​ប្រទេស​កម្ពុជា​វិញមុន។

នៅឆ្នាំ១៩៥៧ ទើប​អៀង សារី និង អៀង ធីរិទ្ធិ វិលត្រឡប់ពី​ប្រទេស​បារាំង​វិញ ហើយ​បាន​ទៅ​រស់នៅ​ក្នុងផ្ទះ​ជាមួយគ្នា​នឹង សាឡុត ស និង​ខៀវ ប៉ុណ្ណារី ដែល​ត្រូវជា​បងស្រី​បង្កើត​របស់ អៀង ធីរិទ្ធិ។

អៀង សារី បាន​ចូលធ្វើ​ជា​គ្រូ​បង្រៀន​នៅ​វិទ្យាល័យ​ឯកជន​មួយ​ឈ្មោះ “វិទ្យាល័យ​កម្ពុជបុត្រ”។ ក្នុងពេល​ជាមួយគ្នា អៀង សារី បាន​លបលួច​ធ្វើការ​ដោយ​សម្ងាត់​ឲ្យ​ពួកកុម្មុយនិស្ត ដែល​ពេលនោះ​បាន​បង្កើត​បក្សមួយ​ដាក់​ឈ្មោះថា “ប្រជាជន” ដើម្បី​ចូលរួម​ក្នុង​ការ​បោះឆ្នោត​ជាតិ។

នៅខែកញ្ញា ឆ្នាំ១៩៦០ អៀង សារី បាន​ក្លាយជា​សមាជិក​គណៈអចិន្ត្រៃយ៍​បក្ស​ពលករ​កម្ពុជា អតីត​បក្ស​ប្រជាជន​បដិវត្តន៍​ខ្មែរ។ នៅពេលនោះ ក្នុង​ចំណោម​សមាជិក​គណៈអចិន្ត្រៃយ៍ អៀង សារី គឺជា​មនុស្ស​តែម្នាក់គត់ ដែល​មិនមែន​ជា​សមាជិក​បក្ស​កុម្មុយនិស្ត​ឥណ្ឌូចិន។ ការណ៍​ដែល អៀង សារី បាន​ចូល​ក្នុង​ស្ថាប័នកំពូល​នៃ​បក្ស​កុម្មុយនិស្ត​នៅពេលនោះ ប្រហែល​ដោយសារ​តែ អៀង សារី គឺជា​មិត្តភ័ក្តិ​របស់ សាឡុត ស ដែល​នៅពេលនោះ គឺជា​មេដឹកនាំ​លំដាប់​ទីបី ក្នុង​បក្ស និង​ជា​ជំនួយការ​ផ្ទាល់​របស់ ទូ សាមុត ដែល​ជា​លេខាបក្ស។

នៅក្រោយពេល​ដែល ទូ សាមុត បាត់ខ្លួន ហើយ សាឡុត ស បាន​ក្លាយជា​លេខាបក្ស នៅ​ខែកុម្ភៈ ឆ្នាំ១៩៦៣ អៀង សារី ក៏បាន​ឡើងជា​មេដឹកនាំ​លំដាប់​ទីបី បន្ទាប់ពី នួន ជា ដែលជា​អនុលេខា​បក្ស។ នៅឆ្នាំ​ដដែល​នោះ អៀង សារី បាន​រត់ចេញ​ពី​ភ្នំពេញ ទៅ​លាក់ខ្លួន​ក្នុង​ព្រៃ​ជាមួយ សាឡុត ស។ គេ​សង្កេតឃើញ​ថា ជាទូទៅ អៀង សារី តែងតែ​នៅ​ជាប់​ជាមួយ​នឹង​ សាឡុត ស។ នៅពេល​ដែល សាឡុត ស ទៅ​លាក់ខ្លួន​ក្នុង មន្ទីរ១០០ ក្នុង​ស្រុក​ក្រូចឆ្មារ អៀង សារី ក៏​នៅ​ទីនោះ​ដែរ។ អៀង សារី បាន​ប្រើ​ឈ្មោះ​បដិវត្តន៍ថា “មិត្តវ៉ាន់”។

សូមទស្សនា និងស្តាប់បន្ថែមទៀតដូខាងក្រោមនេះ៖

ប្រភពដោយ៖ RFI

សូមរង់ចាំអានភាគទី២ បន្តទៀត…

ការ​បំភ្លឺមួយ​

  1. […] អៀង សារី អតីតឧបនាយករដ្ឋមន្រ្តីទទួលបន្ទុកកិច្ចការបរទេសនៃរបបកម្ពុជាប្រជាធិបតេយ្យ។ អៀងសារី កើតនៅឆ្នាំ១៩២៥ នៅខេត្ត ត្រាវិញប្រទេសវៀត ណាម ខាងត្បូង។ អៀង សារី បានរៀបការ ជាមួយ ខៀវ ធិរិទ្ធ។ នៅឆ្នាំ១៩៥០ អៀង សារីបានទទួលអាហាររូបករណ៏ទៅសិក្សានៅប្រទេស បារាំង ហើយបានក្លាយទៅជាសមាជិកបក្ស កុម្មុនីស្តបារំាង។ ជនជាប់ចោទទាំង ៣រូប ត្រូវចោទប្រកាន់ពីបទឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ ការរំលោភបំពានធ្ងន់ធ្ងរលើអនុសញ្ញាទីក្រុងហ្សឺណែវឆ្នាំ១៩៤៩ និងឧក្រិដ្ឋកម្មប្រល័យពូជសាសន៍លើជនជាតិចាមនិងវៀតណាម។ អង្គជំនុំជម្រះសាលាដំបូងបានបើកសវនាការបឋមនៅខែមិថុនា ឆ្នាំ២០១១។ […]

ឆ្លើយ​តប​

Please enter your comment!
Please enter your name here