លោក ភួង តុន ជាបញ្ញវ័ន្តខ្មែរមួយរូបដែលស្នេហាជាតិ ត្រូវបាន ប៉ុល ពត សម្លាប់យ៉ាងសាហាវនៅក្នុងគុកទួលស្លែង

4
13793

លោក ភួន តុន កើតនៅឆ្នាំ ១៩២៦។ បន្តាប់ពីបានសិក្សា មធ្យមសិក្សា នៅភ្នំពេញ លោកបានមកសិក្សា ឧត្តមសិក្សា នៅប៉ារីស ខាងនីតិសាស្រ្ត។ នៅប៉ារីស លោកបានទទួលសញ្ញាប័ត្រ ពីសាលាជាតិ ខាង ភាសាបូព៌ាប្រទេស (ECOLE NATIONALE DES LANGUES ORIENTALES VIVATES)។ បន្ទាប់ពីបានទទួលសញ្ញាប័ត្រនេះ នៅថ្ងៃទី ១៩ ឧសភា ១៩៥៤ គាត់បានការពារនិក្ខេបបទបណ្ឌិតច្បាប់ “វិបត្តិខ្មែរ” (LA CRISE CAMBODGIENNE)​ នៅ មហាវិទ្យាល័យច្បាប់ ប៉ារីស។ នៅទីក្រុងនេះ លោក ភួង តុន បានចូលជា សមាជិក សមាគម និស្សិតខ្មែរ (AEK) ដែលកើតនៅ ខែមករា ១៩៤៦ មានប្រធាន ឈ្មោះ អៀ ស៊ីចូវ។ តាមសម្តី លោក កេង វ៉ានសាក់ លោក ភួង តុន បានសេពគប់ជាមួយពួក “ឆ្វេងជឿនលឿននិយម មណ្ឌលសិក្សាម៉ាក្ស” ដែលជាផ្នែកមួយនៃ សមាគម មាននិន្នាការឆ្វេងនិយម។ ពេលទទួលបាន សញ្ញាប័ត្របណ្ឌិត រួចហើយ គាត់បានវិលត្រឡប់ទៅកម្ពុជាវិញ។

គាត់បានចូលជាសមាជិក គណបក្ស ប្រជាធិបតេយ្យ ដែលជាគណបក្ស កំពុងឈ្នះឆ្នោតនៅសភា តាំងពីឆ្នាំ ១៩៤៦មក។ នៅឆ្នាំនោះដែរ លោកបានត្រូវរដ្ឋាភិបាលតែងតាំង ជានាយក ឧត្តមសិក្សាធិការកម្ពុជា និង ជាសាស្រ្តាចារ្យ បង្រៀន នីតិវិទ្យាសាធារណៈ និងនីតិវិទ្យាអន្តរជាតិ នៅមហាវិទ្យាល័យច្បាប់ នៅក្រុងភ្នំពេញ។ នៅឆ្នាំ ១៩៥៥ សម្តេច សីហនុ បានបង្កើត គណបក្ស “សង្គមរាស្រ្តនិយម”។ ដូចជា ឧត្តមមន្រ្តី ដទៃទៀតដែរ លោក ភួង តុន ក៏បានចូលជាសមាជិក សង្គមរាស្រ្តនិយម។

សម្តេច សីហនុ បានស្នើដល់លោកឲ្យធ្វើជា រដ្ឋមន្រ្តី ក្រសួងអប់រំជាតិ តែលោកពុំព្រមទទួលសំណើនេះឡើយ។ នៅឆ្នាំ​ ១៩៦០ គាត់វិលត្រឡប់មកស្រុកបារាំង យកសញ្ញាប័ត្រ មហាបរិញ្ញាប័ត្រ (AGREGATION) និង បណ្ឌិតរដ្ឋនីតិសាស្រ្ត។ វិលត្រឡប់ទៅកម្ពុជាវិញ​លោកត្រូវបានតែងតាំងជា នាយក សាកលវិទ្យាល័យ កំពង់ចាម និង បន្ទាប់មក នាយក សាកលវិទ្យាល័យ ភ្នំពេញ ជាសាស្រ្តាចារ្យ នីតិសាស្រ្តដដែល។ នៅឆ្នាំ ១៩៦៨ កម្ពុជាកំពុងជួបប្រទះនឹងការបះបោរខ្មែរក្រហម នៅខេត្តបាត់ដំបង ដល់ខេត្តដទៃទៀត។ នៅថ្ងៃទី ១៦​ សីហា ១៩៦៨ ផ្ទះ លោក ភួង តុន បានត្រួវប៉ូលីស ហោមព័ន្ធ ឆែកឆរ កកូរកកាយ រកមើលឯកសារ សៀវភៅ ទស្សនាវដ្តី ទាក់តងការបះបោរ រួចចាប់រូបលោកទៅឃុំឃាំង ១ខែ។ លែងមក វិញ មកនៅក្នុងគេហដ្ឋាន លោកត្រូវប៉ូលីសឃ្លាំមើលតទៅទៀត។ គាត់បានត្រូវអាជ្ញាធរ ចោទប្រកាន់ពី “គំនិតឆ្វេងនិយម” តែតាមពិត គាត់មាន “គំនិតជឿនលឿននិយម” ប៉ុណ្ណោះ។

ព្រឹត្តិការណ៍ឆ្នាំ ១៩៧០ សម្តេច សីហនុ បានត្រូវសភាដកចេញពីតំណែង ព្រះប្រមុខរដ្ឋ។ លោក ភួង តុន និង កេង វ៉ាន់សាក់ បានក្លាយជា បញ្ញវ័ន្តខ្មែរ ដើរពន្យល់ពីគ្រោះថ្នាក់ នយោបាយស្រុកខ្មែរ ពីការតាំងទីរស់នៅយួនកុម្មុយនីស្ត និង ការពារពូជអំបូរ ខ្មែរមន។ នៅឆ្នាំ ១៩៧២ ក្នុងឋានៈជាអ្នកច្បាប់ លោក ភួង តុន បានចូលរួមតាក់តែង រដ្ឋធម្មនុញ្ញសាធារណរដ្ឋ។ នៅឆ្នាំ ១៩៧៤ លោក ភួង តុន ជាមួយទ័ពជើងទឹក បានទៅពិនិត្យផ្ទាល់លើកន្លែង កោះអាចម៍សេះ (POULO WAY) ដែលជាកោះខ្មែរ តែយួនខាងត្បូងទាមទារជារបស់វា។ នៅដើមឆ្នាំ ១៩៧៥ លោក ភួង តុន បានទទួលបេសកកម្ម ពីរដ្ឋាភិបាលខ្មែរ មកប្រទេសស្វីល ដើម្បីចរចាវិវាទ កោះអាចម៍សេះនេះ។ នៅភ្នំពេញ ខ្មែរក្រហមបានកាន់កាប់ក្រុងនេះ នៅថ្ងៃទី ១៧ មេសា ១៩៧៥។ លោក ភួង តុន និង លោក ឈូក ម៉េងម៉ៅ បានវិលត្រឡប់ទៅភ្នំពេញ នៅចុងឆ្នាំ ១៩៧៥ ដើម្បីកសាងប្រទេសជាតិ។

ដោយឡែក លោក ភួង តុន មានបំណងជួបភរិយា អ៊ឹម ស៊ុន្ធី មានជម្ងឺទឹកនោមផ្អែម និង កូនស្រី ភួង ថារី មានរោគខួរឆ្អឹងខ្នង (POLIOMYELITE)។ ពេលទៅដល់ភ្លាម ខ្មែរក្រហមបានយកគាត់ទៅដាក់នៅ វិជ្ជាស្ថានបច្ចេកទេស មិត្តភាព ខ្មែរ-សូវៀត។ គាត់ និង បញ្ញវ័ន្តមួយចំនួនទៀត បានត្រូវ ខៀវ សំផន មកពន្យល់លាងខួរក្បាល ឲ្យទទួលយករបៀបគ្រប់គ្រងស្រុកតាមរបៀបវា និង បានចាប់គាត់ដាក់គុកបឹងត្របែក នៅថ្ងៃទី ១២ ធ្នូ ១៩៧៥ មុននឹងផ្ទេរគាត់ទៅគុកទួលស្លែង។ គាត់បានស្លាប់នៅគុកនេះ នៅថ្ងៃទី ២៩ មេសា ១៩៧៧។

៣០ឆ្នាំ ក្រោយមក នៅថ្ងៃទី ១៩ សីហា ២០០៩ ក្នុងសវនាការ នៃតុលាការកាត់ទោសខ្មែរក្រហម អ្នកស្រី អ៊ឹម សុន្ធី អាយុ ៧០ឆ្នាំ កូនស្រី ភួង ថារី អាយុ ៥៣ឆ្នាំ ដែលរស់រានមានជីវិតនៅឡើយ បានធ្វើជាសាក្សីនិយាយប្រាប់អង្គតុលាការ ដើម្បីស្វែងរកការពិត ដោយមានមេខ្មែរក្រហមល្បីៗ ស្គាល់ លោក ភួង តុន យ៉ាងច្បាស់។ អ្នកខ្លះ ជាកូនសិស្ស លោក ភួង តុន ដូចជា ឌុច, ម៉ម ណៃ អ្នកខ្លះជាគ្រូ ដូចជា លោក ភួង តុន ដែរ ដូចជា សុន សេន និង ខៀវ សំផន ចំណែកឯ អៀង សារី និង ខៀវ ធិឫទ្ធិ អ្នកទាំងពីរនេះមានផ្ទះមានចម្ងាយតែរាប់រយម៉ែត្រប៉ុណ្ណោះ ពីផ្ទះគាត់ (ភួង តុន)។

ពេលលោក នៅក្នុងគុកទួលស្លែង
កូនស្រីរបស់លោក ភួង តុន
ភរិយារបស់លោក ភួង តុន
ពេលតែងតាំងនាយករដ្ឋមន្រ្តីនៅក្នុងវាំង (លោកនៅចំកណ្តាលគេជួរទី២)
ពេលលោករៀបការក្នុងឆ្នាំ ១៩៥៥

ប្រភពដោយ៖ bizdoctors.asia (ដកស្រង់ពី សៀវភៅ​ប្រវត្តិសាស្រ្តកម្ពុជា និង វរជនខ្មែរ)

អត្ថបទ៖ វេង គួង ហេង

 

 

4 យោបល់

  1. សុំទោស ដោយខ្ញុំទើបបានឃើញឈ្មោះលោកជាលើកដំបូង។ បន្តទៅទៀត ខ្ញុំនឹងរកទិញ និងអានសៀវភភដែលលោកបានស្រាវជ្រៀវនិងនិពន្ធ ដើម្បីបន្តការយល់ដឹងរបស់ខ្ញុំ។ សូមអុគុណ

  2. ខ្ញុំរីករាយ ដែលបានទទួលព័ត៌មាននេះ
    ខ្ញុំជាសិស្សរួមថ្នាក់កូនស្រីរបស់គាត់ នៅបឋមសិក្សា និង វិទ្យាល័យ អនុវត្តន៍(ក្រុងភ្នំពេញ) ១៩៦៥-១៩៧៥។

ឆ្លើយ​តប​

Please enter your comment!
Please enter your name here