ការកែប្រែពី​ភាពបរាជ័យ​ឲ្យ​ក្លាយទៅ​ជា​ឱកាស​របស់អ្នកប្រាជ្ញ អាញ់ស្តាញ់ (Albert Einstein)

0
369

មិត្តអ្នកអានទាំងអស់គ្នាធ្លាប់បានអានអត្ថបទ ដែលចុះផ្សាព្វផ្សាយដោយ គេទំព័រចំណេះដឹង អំពីជាប្រវត្តិរបស់អ្នកប្រាជ្ញវិទ្យាសាស្ត្រ​រូបវិទ្យាដ៏ល្បីរូបនេះម្តងរួចមកហើយ តែថ្ងៃនេះដែរ យើងនឹងបង្ហាញជូនបន្ថែមអំពីការកែប្រែពីភាពបរាជ័យឲ្យក្លាយជាឱកាសវិញរបស់ អាញ់ស្តាញ់

នៅឆ្នាំ១៩០២ ​ក្រោយ​ពី​បញ្ចប់ការ​សិក្សា​ពី​សកលវិទ្យាល័យ តែ​មិន​អាច​រកការងារ​ធ្វើ​បាន អាញ់ស្តាញ់​ក៏​បាន​បោះបង់​ក្តីបំណង​ចង់ក្លាយ​ជា​សាស្រ្តាចារ្យ​រូបវិទ្យា ហើយ​សុខចិត្ត​ទទួល​យក​ការងារ​ជា​អ្នក​ជំនួយ​ការ​បច្ចេកទេសតូចតាចមួយ​ នៅ​ក្នុង​ស្ថាប័នរដ្ឋស្វីស គឺ​​ការិយាល័យ​ចុះបញ្ជី​ប្រកាសនីយបត្រតក្កកម្ម (Swiss Patent Office)។

នៅ​ទីនោះ អាញ់ស្តាញ់​មាន​ភារកិច្ច​ត្រួតពិនិត្យ​ពាក្យសុំ​ចុះបញ្ជី ការពារសិទ្ធិ​លើ​ការ​រកឃើញ​ខាងផ្នែក​វិទ្យាសាស្រ្ត, រូបមន្ត ឬ​ការច្នៃប្រឌិត​ថ្មីៗ​ ហើយ​តាមពិត ការងារ​នេះ​​ក៏ទាមទារ​នូវចំណេះដឹង​ខាងផ្នែក​វិទ្យាសាស្រ្ត​ផងដែរ ក៏ប៉ុន្តែ សម្រាប់​អាញ់ស្តាញ់​ វា​គឺ​ជា​ការងារ​ដ៏​ងាយស្រួល​បំផុត។ ការងារ​ដែល​តាមធម្មតាគេ​ត្រូវ​ធ្វើ​ពេញមួយថ្ងៃ អាញ់ស្តាញ់​ធ្វើ​ចប់សព្វគ្រប់ក្នុងរយៈពេល​ត្រឹមតែ​ប៉ុន្មាន​ម៉ោង ហើយ​ពេល​ទំនេរ​សល់​ពីនោះ អាញ់ស្តាញ់​យក​ទៅ​​ចំណាយ​លើ​អ្វី ដែល​លោក​តែងតែ​ចូលចិត្ត​ធ្វើ​តាំង​ពីដើមរៀងមក គឺ​ស្រមើស្រមៃ ត្រិះរិះ​ពិចារណា​លើ​​បាតុភូតវិទ្យាសាស្រ្ត។

នៅទីបំផុត​ទៅ ការងារ​នៅ​ការិយាល័យ​ចុះបញ្ជី​ប្រកាសនីយបត្រតក្កកម្ម ដែល​ជា​ការងារ​អាញ់ស្តាញ់​ជ្រើសរើស​យក​ទាំង​ទើសទាល់​ ដោយសារ​តែ​គ្មាន​ជម្រើស បាន​ប្រែក្លាយ​ទៅជា​ការងារ​ដែល​ផ្តល់​នូវ​ឱកាស​ដ៏វិសេសវិសាលបំផុត សម្រាប់​ការសិក្សា​ស្រាវជ្រាវ​ខាងផ្នែក​វិទ្យាសាស្រ្ត​របស់​អាញ់ស្តាញ់ ក៏ដូចជា សម្រាប់​​ដំណើរ​​វិវឌ្ឍដ៏​សំខាន់​នៃ​វិទ្យាសាស្រ្ត​សម្រាប់​មនុស្សជាតិ​ជាទូទៅ។ នៅ​ក្នុង​អំឡុងពេល​ធ្វើការ​នៅ​ការិយាល័យ​ចុះបញ្ជី​ប្រកាសនីយបត្រ​តក្កកម្ម​នោះហើយ ដែល​អាញ់ស្តាញ់​បាន​រកឃើញ​នូវ​ទ្រឹស្តីវិទ្យាសាស្រ្ត​ដ៏សំខាន់ៗ​ជាច្រើន ដែល​ត្រូវ​បាន​គេ​ចាត់ទុក​ជា​ស្នាដៃ​ដ៏អស្ចារ្យ​ នៅ​ក្នុង​ប្រវត្តិនៃ​វិទ្យាសាស្រ្ត ជាពិសេស នាំ​ឲ្យ​មាន​ការ​ផ្លាស់ប្តូរ​នូវការ​យល់ឃើញ​របស់​មនុស្សជាតិ​ចំពោះ​ទៅលើ​ចក្រវាល។

នៅ​ក្នុងរយៈពេល ៦ឆ្នាំ ដែល​អាញ់ស្តាញ់​ធ្វើការ​នៅ​ការិយាល័យ​ចុះបញ្ជី​ប្រកាសនីយបត្រ​តក្កកម្ម (១៩០២-១៩០៨) ឆ្នាំ១៩០៥​ ត្រូវបាន​គេ​ចាត់ទុក​ថា​ជា​ឆ្នាំ​ដ៏អស្ចារ្យបំផុត​នៅ​ក្នុង​ជីវិត​ ​របស់អាញ់ស្តាញ និង​សម្រាប់​វិទ្យាសាស្រ្ត។

នៅក្នុងឆ្នាំ១៩០៥ អាញ់ស្តាញ់​បាន​សរសេរ និង​ចុះផ្សាយ​នូវ​លទ្ធផល​នៃ​ការ​សិក្សា​ស្រាវជ្រាវ​មួយ ដែល​ត្រូវបាន​សកលវិទ្យាល័យ​ហ្ស៊ូរិច​ទទួលស្គាល់ជា​សារណា​បញ្ចប់​​សញ្ញាបត្រ​បណ្ឌិតខាង​រូបវិទ្យា។ បន្ថែម​ពីលើ​នេះ​ទៅទៀត អាញ់ស្តាញ់​បាន​ចុះផ្សាយ​នូវ​ទ្រឹស្តីវិទ្យាសាស្រ្ត​ដ៏សំខាន់​ចំនួន ៤ផ្សេងទៀត នៅ​ក្នុងឆ្នាំតែមួយនោះ គឺ​ទ្រឹស្តី​ស្តីពី​ធាតុផ្សំ​នៃ​ពន្លឺ, ទ្រឹស្តីស្តីពី​អាតូម, ទ្រឹស្តី​ស្តីពី​ម៉ាស់ និង​ថាមពល ដែល​បង្កើត​បាន​ជា​រូបមន្តដ៏ល្បីល្បាញ​បំផុត​​មកទល់​នឹង​ពេល​បច្ចុប្បន្ន គឺ E=MC² និង​ទ្រឹស្តី​កាន់តែ​សំខាន់​មួយ​ទៀត គឺ​ Special Relativity។

នៅពេល​ដែល​អាញ់ស្តាញ់​បង្កើត​បាន​នូវ​ទ្រឹស្តី​វិទ្យាសាស្រ្ត​ដ៏សំខាន់​ៗ នៅ​ក្នុង​ឆ្នាំ១៩០៥ អាញ់ស្តាញ់​មាន​វ័យ​ទើប​នឹងបាន ២៦ឆ្នាំ ហើយ​ក៏​មិនមែន​ជា​អ្នក​វិទ្យាសាស្រ្ត​អ្វីនោះដែរ គឺ​គ្រាន់តែ​ជា​បុគ្គលិក​តូចតាច​ម្នាក់ នៅ​ក្នុង​ការិយាល័យ​ចុះបញ្ជី​ប្រកាសនីយបត្រ​តក្កកម្ម​​តែ​ប៉ុណ្ណោះ។ ក៏ប៉ុន្តែ នៅក្រោយ​ពេល​ដែល​ទ្រឹស្តី​អស់ទាំងនេះ​ត្រូវ​បាន​គេ​យក​ទៅ​ចុះផ្សាយ កេរ្តិ៍ឈ្មោះ​របស់​អាញ់ស្តាញ់​ក៏​ចាប់ផ្តើម​ល្បី​រន្ទឺ ហើយ​នៅ​ឆ្នាំ១៩០៩ អាញ់ស្តាញ់​ត្រូវ​បាន​សកលវិទ្យាល័យ​​ហ្ស៊ូរិច​តែងតាំង​ឲ្យ​ធ្វើ​ជា​សាស្រ្តាចារ្យ​ខាង​រូបវិទ្យា។ សម្រាប់​អាញ់ស្តាញ់​ដែល​តែងតែ​មាន​ក្តីប្រាថ្នា​ចង់​ធ្វើ​ជា​សាស្រ្តាចារ្យ​រូបវិទ្យា​តាំង​ពី​យូរណាស់​មកហើយ​នោះ នេះ​គឺ​ជា​សុបិន្ត​ ក្លាយ​ជា​ការពិត។ ក៏ប៉ុន្តែ នេះ​គ្រាន់តែ​ជា​ចំណុច​ចាប់ផ្តើម​មួយ​ប៉ុណ្ណោះ។

ឆ្នាំ១៩១៣ សកលវិទ្យាល័យ​មួយទៀត​បាន​ហៅ​អាញ់ស្តាញ់​ឲ្យ​ទៅ​ធ្វើការ ដោយ​ផ្តល់​ប្រាក់​ខែ​យ៉ាងច្រើន​លើសលុប បើធៀប​នឹង​ការងារ​ចាស់ ហើយ​លើសពីនេះ​ទៅទៀត ការងារ​នៅ​សកលវិទ្យាល័យ​ថ្មី​នេះ នឹង​ផ្តល់​ពេលវេលា​ច្រើន​ដល់​អាញ់ស្តាញ់ សម្រាប់​ត្រិះរិះ​ពិចារណា និង​សិក្សា​ទៅលើ​បញ្ហា​វិទ្យាសាស្រ្ត​តាមតែ​ចិត្តចង់។ អាញ់ស្តាញ់​ក៏​ត្រូវ​បាន​គេ​សន្យា​ផ្តល់​មុខតំណែង​ជា​នាយកវិទ្យាស្ថាន​ស្រាវជ្រាវ​ខាង​រូបវិទ្យា​ផងដែរ។ ក៏ប៉ុន្តែ បញ្ហា​ចោទ​ធំបំផុត គឺ​នៅត្រង់​ថា សកលវិទ្យាល័យ និង​វិទ្យាស្ថាន​ស្រាវជ្រាវ​នេះ គឺ​នៅ​ឯ​ទីក្រុង​ប៊ែរឡាំង​ប្រទេស​អាល្លឺម៉ង់ ហើយ​ភរិយា​របស់​អាញ់ស្តាញ់​មិនចង់​ចាកចេញ​ពី​ស្វីស ទៅរស់នៅ​ប៊ែរឡាំង។

អាញ់ស្តាញ់​ត្រូវ​ប្រឈមមុខ​នឹង​ជម្រើស​ រវាង​​ម្ខាង​គ្រួសារ និង​ម្ខាងទៀត​​ការងារ​ដែល​ខ្លួន​ស្រឡាញ់។ អាញ់ស្តាញ់​ជ្រើសរើស​យក​ការងារ ហើយ​ទទួល​យក​តំណែង​ជា​សាស្រ្តាចារ្យ និង​នាយក​វិទ្យាស្ថាន​ស្រាវជ្រាវ​រូបវិទ្យា​​នៅ​ប៊ែរឡាំង។ ពីដំបូង មីឡេវ៉ា ម៉ារីច បាន​សុខចិត្ត​ទៅតាម​អាញ់ស្តាញ់ ក៏ប៉ុន្តែ រស់​នៅ​ប៊ែរឡាំង​បានតែ​ប៉ុន្មានខែ មីឡេវ៉ា ក៏​បាន​នាំកូនប្រុស​ទាំងពីរ​ត្រឡប់​មក​ស្វីសវិញ ដោយ​ទុក​អាញ់ស្តាញ់​ឲ្យ​នៅ​ប៊ែរឡាំង​តែឯង។ មូលហេតុ មិនមែន​មិនត្រឹមតែ​ថា ​មីឡេវ៉ា មិនចង់​រស់​នៅ​ប៊ែរឡាំងនោះទេ តែ​សំខាន់​ជាងនេះ​ទៅទៀត គឺ​ដោយសារ​តែ​អាញ់ស្តាញ់​មាន​ទំនាក់ទំនងស្នេហា​ជាមួយ​ស្រីថ្មី ដែល​ត្រូវ​ជា​បងជីដូនមួយ ឈ្មោះ​ថា អ៊ែលសា។

នៅឆ្នាំ១៩១៩ ក្រោយ​ពី​រស់នៅ​បែកគ្នា​អស់រយៈពេល ៥ឆ្នាំ អាញ់ស្តាញ់ និង​មីឡេវ៉ា ម៉ារីច ក៏​បាន​លែងលះ​គ្នា​ជាផ្លូវការ ហើយប្រមាណ​ជា ៣ខែ​ក្រោយមក ​អាញ់ស្តាញ់​ក៏​បាន​រៀបការ​ជាមួយ​នឹង​អ៊ែលសា។ តាមការពិត មុននឹង​ឈាន​ដល់​ការ​ចុះកិច្ចព្រមព្រៀង​លែងលះ​គ្នា​នេះ អាញ់ស្តាញ់​បាន​ចុះ​ខសន្យា​ជាមួយ​មីឡេវ៉ា​​ថា ប្រសិនបើ​មីឡេវ៉ា​ព្រមព្រៀង​ចុះហត្ថលេខា​លែងលះ​ នៅថ្ងៃណាមួយ ដែល​អាញ់ស្តាញ់​បាន​ទទួល​រង្វាន់​ណូបែល លុយ​​ទាំងអស់​ដែល​បាន​ពី​រង្វាន់​ណូបែល​នេះ​នឹង​ត្រូវ​ប្រគល់​ទៅ​ឲ្យ​មីឡេវ៉ា និង​កូនប្រុស​ទាំងពីរ។

នៅ​ក្នុង​អំឡុង​ពេលនោះ អាញ់ស្តាញ់​មាន​ភាពប្រាកដ​ក្នុងចិត្ត​ថា តាមរយៈ​ទ្រឹស្តី​ដែល​លោក​បាន​រកឃើញ​ លោក​ប្រាកដ​ជា​នឹង​ទទួល​ពានរង្វាន់ណូបែល។ ក៏ប៉ុន្តែ ពីមួយឆ្នាំ​ទៅមួយឆ្នាំ ទ្រឹស្តី​ដ៏សំខាន់​របស់​លោក ស្តីពី​ Genral Relativity នៅតែ​ជា​បញ្ហា​ចម្រូងចម្រាស ហើយ​បេក្ខភាព​របស់​លោក​​ក៏​ត្រូវ​បាន​គណៈកម្មាធិការ​ណូបែល​ច្រានចោល​ម្តងជាពីរដង​រហូត​ទាល់តែ​ដល់​ឆ្នាំ១៩២២ ទើប​អាញ់ស្តាញ់​​ត្រូវ​បាន​គេ​ប្រគល់​រង្វាន់ណូបែល​ខាង​​​រូបវិទ្យា។

​តាមការពិតទៅ រង្វាន់ណូបែល​នេះ​ក៏​មិនមែនបាន​មក​​ដោយសារ​តែ​​ទ្រឹស្តី​ដ៏ល្បីល្បាញ​ស្តីពី Genral Relativity នោះដែរ តែ​បាន​មក​ដោយ​សារ​តែ​ទ្រឹស្តី​ស្តីពី​ធាតុផ្សំ​នៃ​ពន្លឺ ដែល​អាញ់ស្តាញ់​បាន​រកឃើញ និង​ចុះផ្សាយ កាល​ពីឆ្នាំ​១៩០៥ នៅពេល​ដែល​លោក​កំពុង​ធ្វើការ​នៅ​ឯ​ការិយាល័យ​ចុះបញ្ជី​ប្រកាសនីយបត្រ​តក្កកម្ម​នៅ​ឯ​ប្រទេស​ស្វីស​នៅឡើយ។ ទោះជាយ៉ាងណា រង្វាន់ណូបែល​នេះ គឺ​ជា​ការផ្តល់​នូវ​កិត្តិយស និង​ការទទួលស្គាល់​ចំពោះ​សមត្ថភាព​ជា​អ្នក​វិទ្យាសាស្រ្ត​របស់​​អាញ់ស្តាញ់ ហើយ​​​​លុយ​ទាំងអស់​ដែល​បាន​ពី​រង្វាន់ណូបែល​នេះ​ត្រូវ​បាន​អាញ់ស្តាញ់​ប្រគល់​ទៅ​ឲ្យ​មីឡេវ៉ា និង​កូនប្រុស ស្រប​ទៅ​តាម​ការសន្យា ក្នុង​កិច្ចព្រមព្រៀង​លែងលះ។

សម្រាប់​អាញ់ស្តាញ់​ នេះ​មិនមែន​មាន​ន័យ​​ត្រឹមតែ​ជា​ការ​បំពេញ​​​តាម​កិច្ចសន្យាដែល​បាន​ចុះតែ​ប៉ុណ្ណោះទេ តែ​ជាងនេះ​ទៅទៀត ការប្រគល់​លុយ​ដ៏ច្រើន​សន្ធឹកសន្ធាប់​ទៅផ្គត់ផ្គង់​ជីវភាព​អតីត​ភរិយា ព្រមទាំង​បម្រុងទុក​សម្រាប់​អនាគត​កូនប្រុស​ទាំងពីរ​​បែបនេះ ក៏​​បាន​ជួយ​បន្ធូរបន្ថយ​យ៉ាងច្រើន​ផងដែរ ​​នូវ​ពិរុទ្ធភាពនៃ​ការ​បោះបង់​ចោល​ប្រពន្ធកូន៕

ប្រភពដោយ៖ លោក សេង ឌីណា (RFI) កែសម្រួលដោយ៖ មនោ វិជ្ជា 

ឆ្លើយ​តប​

Please enter your comment!
Please enter your name here